ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ម៉ាឡេស៊ីបញ្ជាឱ្យ Meta និង TikTok បង្កើតផែនការសម្រាប់មាតិកាដែលបង្កគ្រោះថ្នាក់

(គូឡាឡាំពួរ)៖ យោងតាមការបញ្ជាក់របស់អាជ្ញាធរម៉ាឡេស៊ីនៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ម៉ាឡេស៊ីបានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Meta របស់អាមេរិកនិង TikTok របស់ចិនឲ្យបង្ហាញផែនការក្នុងការប្រយុទ្ធប្រឆាំងនឹងមាតិកាដែលបង្កគ្រោះថ្នាក់នៅលើអ៊ីនធឺណិត បន្ទាប់ពីប្រទេសនេះបានរាយការណ៍ពីការកើនឡើងនៃមាតិកាបែបជេរប្រមាថនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

លើកឡើងនៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃអង្គារ គណៈកម្មាធិការទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ព្រមជាមួយស្ថាប័នប៉ូលិសជាតិបានឲ្យដឹងថា រដ្ឋាភិបាលបានរាយការណ៍ពីករណីខាងលើជាង ៥០,០០០នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដែលរួមមានទាំង Facebook របស់ក្រុមហ៊ុន Meta និង TikTok ផងដែរក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ខណៈដែលចំនួន​ករណី​រសរុបដែលត្រូវបានកត់ត្រាកាលពីឆ្នាំមុន​មាន​ប្រហែល ៤៣,០០០​ករណី។

ជុំវិញបញ្ហានេះ អាជ្ញាធរបានបញ្ជាក់ថាខ្លួន​ការ​ព្រួយ​បារម្ភ​ជា​ពិសេស​ចំពោះ​មាតិកាណាដែល​ទាក់ទង​នឹងពូជសាសន៍ សាសនា និង​រាជវង្ស។

សូមជម្រាបថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរបានចូលរួមកិច្ចប្រជុំមួយដែលដឹកនាំដោយរដ្ឋមន្ត្រីទំនាក់ទំនងម៉ាឡេស៊ី លោក Fahmi Fadzil កាលពីថ្ងៃចន្ទ ហើយត្រូវបានប្រាប់ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យ ដោយរួមមានទាំងការដកចេញនូវការផ្សព្វផ្សាយនានាដែលពាក់ព័ន្ធនឹងការបោកប្រាស់ និងល្បែងស៊ីសងខុសច្បាប់ផងដែរ។

មុននេះ រដ្ឋាភិបាល​ម៉ាឡេស៊ីធ្លាប់​បានចោទប្រកាន់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាំង​ពីរ​ខាងលើនេះថា ​មិនបានធ្វើសកម្មភាពទាន់ពេលវេលាលើអ្វីដែល​ខ្លួនបាន​ចាត់​ទុក​ថា​ជាមាតិកា​បង្ក​គ្រោះថ្នាក់៕