ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ Meta ពិនិត្យ និងរកដំណោះស្រាយលើបញ្ហាមាតិកាទាក់ទងនឹងរឿងអាសអាភាសដែលក្លែងបន្លំអត្តសញ្ញាណបង្កើតឡើងដោយ AI

យោងតាមការបញ្ជាក់របស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meta នៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់បណ្តាញសង្គមយក្សរបស់អាមេរិកមួយនេះបាននិងកំពុងពិនិត្យមើលការគ្រប់គ្រងលើមាតិកាអាសអាភាសដែលបង្កើតឡើងដោយ AI បន្ទាប់ពីមានករណីចែកចាយមាតិកាអាសអាភាសចំនួនពីរទាក់ទងនឹងការក្លែងបន្លំអត្តសញ្ញាណតារាស្រីល្បីៗនៅលើបណ្តាញសង្គម Facebook និង Instagram របស់កក្រុមហ៊ុននេះ។

ក្រុមប្រឹក្សាភិបាល ដែលបានទទួលមូលនិធិពីប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សខាងលើ ប៉ុន្តែដំណើរការដោយឯករាជ្យនេះ នឹងប្រើប្រាស់ករណីទាំងពីរខាងលើដើម្បីធ្វើការវាយតម្លៃប្រសិទ្ធភាពរួមនៃគោលនយោបាយ និងពង្រឹងការអនុវត្តច្បាប់របស់ Meta ជុំវិញការក្លែងបន្លំមាតិកាអាសអាភាស ដែលបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឫ AI

សូមជម្រាបថា ភាពជឿនលឿននៃបច្ចេកវិទ្យា AIបានធ្វើឱ្យរូបភាព សំឡេង និងវីដេអូដែលត្រូវបានគេប្រឌិតឡើងស្ទើរតែមិនអាចបែងចែក ឫកំណត់ពីភាពខុសគ្នាបានជាមួយមាតិកាដែលបង្កើតឡើងដោយមនុស្ស ដែលនេះបានបណ្តាលឱ្យមានការរីករាលដាលនៃការក្លែងបន្លំមាតិកាអាសអាភាសនៅលើប្រព័ន្ធអ៊ីនធឺណិត ដែលភាគច្រើនក្លែងបន្លំអត្តសញ្ញាណស្ត្រី និងក្មេងស្រី។

កាលពីដើមឆ្នាំនេះ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលគ្រប់គ្រងដោយមហាសេដ្ឋីអាមេរិកលោក Elon Musk បានរារាំងអ្នកប្រើប្រាស់ពីការស្វែងរករូបភាពទាំងអស់របស់តារាប៉ុបអាមេរិក Taylor Swift បន្ទាប់ពីបរាជ័យក្នុងការគ្រប់គ្រងការផ្សព្វផ្សាយរូបភាពក្លែងក្លាយរបស់នាង។

ជុំវិញបញ្ហាខាងលើនេះ នាយកប្រតិបត្តិឧស្សាហកម្មមួយចំនួនបានអំពាវនាវឱ្យមានច្បាប់ដាក់ទណ្ឌកម្មចំពោះការបង្កើតមាតិកាក្លែងបន្លំអត្តសញ្ញាណដែលបង្កគ្រោះថ្នាក់ ហើយតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទប់ស្កាត់ការប្រើប្រាស់មាតិកាបែបនេះនៅលើវេទិការបស់ខ្លួន៕