ព័ត៌មានក្នុងប្រទេស

ការ​នាំ​ចេញ​កៅស៊ូ​របស់​កម្ពុជាមានការ​កើន​ឡើង ៥,១ភាគរយ​ក្នុង​ត្រីមាស​ទីមួយ

​យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ក្នុងរយៈពេល ០៣ខែដំបូងនៃឆ្នាំ ២០២៤នេះ ការនាំ​ចេញ​កៅស៊ូ​ស្ងួតរបស់កម្ពុជាមាន​ចំនួនសរុប ៦៩៣២២​តោន កើនឡើង​ ៥,១​ភាគរយ​ពីចំនួន ៦៥៩២១​តោន​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ២០២៣​។

របាយការណ៍បានបញ្ជាក់ថា ជាមួយនឹងចំនួននៃការនាំចេញខាងលើ កម្ពុជារកចំណូលបាន ១០០,៥លានដុល្លារអាមេរិក កើនឡើង ៨ភាគរយពីចំនួន ៩២,៩លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លើកឡើងនៅក្នុងរបាយការណ៍ខាងលើ ឯកឧត្តម ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងថា ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤នេះ កៅស៊ូស្ងួតក្នុងមួយតោនមានតម្លៃជាមធ្យម ១៤៥០ដុល្លារអាមេរិក ដែលតម្លៃនេះគឺខ្ពស់ជាងតម្លៃកាលពីឆ្នាំមុនប្រហែល ៤១ដុល្លារ ហើយការនាំចេញកៅស៊ូភាគច្រើនរបស់កម្ពុជាត្រូវបានបញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។

យោងតាមរបាយការណ៍ដដែល រហូតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដើមកៅស៊ូសរុបចំនួន ៤០៧១៧២ហិកតា ដោយក្នុងនោះមានដើមកៅស៊ូនៅលើផ្ទៃដី ៣២០១៨៤ហិកតា ដែលស្មើនឹង ៧៩ ភាគរយ មានអាយុកាលល្មមអាចប្រមូលផលបាន៕