រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្ដីពីការលើកកម្ពស់ ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈនឹងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨

ពោធិ៍សាត់៖  នៅព្រឹកថ្ងៃពុធ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក .ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិតគៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូ ប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈនឹងសុវត្ថិភាពសង្គម ឆ្នាំ២០២៤២០២៨ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តមព្រះអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត គណៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត លោកមេបញ្ជាការសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអធិការនគរបាលក្រុង.ស្រុក ក្រុមប្រឹក្សា មេឃុំចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីពន្ធនាគារ ចូលរួមផងដែរ។

ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ លើកឡើងថា ផែនការយុទ្ធសាស្ត្រ ការលើកកម្ពស់រដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គម គ្រប់ស្ថាបនត្រូវមានផែនការសកម្មភាពការងារអោយបានច្បាស់លាស់ ស្វែងយល់អំពីចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងហានិភ័យ

ក្នុងនោះផែនការយុទ្ធសាស្ត្រ របស់ក្រសួងមហាផ្ទៃ តម្រូវឲ្យ រដ្ឋបាលដែនដី ធ្វើជារដ្ឋបាលរបស់ប្រជាជន បម្រើសេវាផលប្រយោជន៍ ជូនប្រជាជន តាមគោលការណ៍អភិបាលកិច្ចល្អ និងគោលការណ៍អភិវឌ្ឍន៍បែបប្រជាធិបតេយ្យ មានសន្តិភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពល្អប្រសើរ សំដៅការលើកកម្ពស់ការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងសន្តិសុខជាតិ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព បរិយាបន្ន និងសមធម៌សង្គម ក្នុងគោលបំណងឲ្យមានការអភិវឌ្ឍ និងពង្រឹងស្ថាបន ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អោយក្លាយជាស្ថាប័នដែលមានរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង មុខងារ ធនធានមនុស្ស និងការទទួលខុសត្រូវច្បាស់លាស់ ការពង្រឹងប្រសិទ្ធភាពនៃការបំពេញការងារការទទួលខុសត្រូវរបស់ស្ថាប័ន តាមរយៈការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក ការពង្រឹងគ្រប់គ្រងបុគ្គលិក ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈការលើកកម្ពស់ការអនុវត្តការងារតាមប្រព័ន្ធឌីជីថល ការពង្រឹង និងកែលម្អ យន្តការនីតិវិធីផ្តល់សេវាសាធារណៈ លើសេវារដ្ឋបាលសន្តិសុខ សណ្តាប់ធ្នាប់សាធារណ សុវត្ថិភាពសង្គម ឲ្យបានឆាប់រហ័ស មានលក្ខណៈទំនើបប្រកបដោយប្រសិទ្ធិភាព គុណភាពគណនេយ្យភាព តម្លាភាព បរិយាបន្ន និងសមធម៌សង្គម និងការជឿទុកចិត្តពីប្រជាពលរដ្ឋ

ឯកឧត្តមបានបន្តថា ដើម្បីឲ្យផែនការយុទ្ធសាស្ត្រអាចសម្រេចបាន ក្រសួងនឹងធ្វើការពង្រឹង ការគាំទ្រ របស់ស្ថាបន រដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការអភិវឌ្ឍការងារនគរបាលនិងសហគមន៍ ឲ្យកាន់តែទំនើប ការលើកកម្ពស់ ការគ្រប់គ្រងការងារពន្ធនាគារ ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ការលើកម្ពស់ប្រសិទ្ធភាព ការផ្តល់សេវាសាធារណៈ និងការងារឌីជីថល ដោយតម្កល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនជាធំ មានឆន្ទៈ ម៉ឺងម៉ាត់ហ៊ានពលីកម្ម ការពារសុខសន្តិភាព ឯករាជ្យជាតិ បូរណភាពទឹកដី អធិបតេយ្យជាតិ ស្ថាប័នព្រះមហាក្សត្រ ត្រូវចាត់ទុកតម្រូវការសេវា បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ជាកាតព្វកិច្ចរបស់មន្ត្រីសាធារណៈ ដែលត្រួវឆ្លើយតបដោះស្រាយឲ្យបានទាន់ពេលវេលា ត្រូវគោរពច្បាប់ ប្រកាន់ភ្ជាប់ ក្រមសីលធម៌វិជ្ជាជីវ មានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ទទួលខុសត្រូវខ្ពស់ និងត្រូវមានការអភិវឌ្ឍសមត្ថភាពជំនាញ សុវត្ថិភាពការងារឌីជីថលជាប្រចាំ គំនិតផ្តួចផ្តើមនវានុវត្តន៍ ទន្ទឹមនេះត្រូវពង្រឹង និងបន្តសកម្មភាព ការផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព និងរក្សាការពារ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គមនៅតាមមូលដ្ឋាន ឲ្យបានល្អប្រសើរ៕