រដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖  នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ឆ្នាំ២០២៤ របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្តព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកនិងមេឃុំ ចៅសង្កាត់ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះគឺពិតជាមានសារសំខាន់ណាស់ ដើម្បីធ្វើការត្រួតពិនិត្យ ឆ្លុះបញ្ចាំងអំពីសកម្មភាព និងលទ្ធផលការងារ ដែលបានអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កន្លងមក និងលើកទិសដៅការងារអនុវត្តបន្ត ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមការងារ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម បន្ថែមថា នៅក្នុងការអនុវត្តសកម្មភាពការងារ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី គឺត្រូវបានយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើសកម្មភាពការងារចម្បងជាច្រើន ដែលរួមមាន ការងារគ្រប់គ្រងសមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ការចូលរួមគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ សកម្មភាពការងារសំខាន់ៗមួយចំនួនរបស់ក្រុមការងារ រួមមាន ការរៀបចំកិច្ចប្រជុំផ្សេងៗ ការរៀបចំវេទិកាសារធារណៈ ការចូលរួមព្រឹត្តិការណ៍នៅមូលដ្ឋាន និងការចុះប្រាស្រ័យទំនាក់ទំនងផ្ទាល់ជាមួយប្រជាពលរដ្ឋ និងការចូលរួមកសាងនូវសមិទ្ធផលសង្គមនានា។

ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ដែលក្តាប់បាននូវបញ្ហាប្រឈម តម្រូវការ និងចម្ងល់នានារបស់ប្រជាពលរដ្ឋហើយបញ្ហាទាំងអស់នោះក៏ត្រូវបានក្រុមការងារធ្វើការពន្យល់បកស្រាយ និងដោះស្រាយ តាមលទ្ធភាព និងសមត្ថកិច្ចរបស់ខ្លួននៅនឹងកន្លែង និងជាបន្តបន្ទាប់។ ឯកឧត្តម បញ្ជាក់ថា សមិទ្ធផលទាំងនេះ បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំដ៏ប៉ិនប្រសប់ ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្ពោះទៅមុខប្រកបដោយក្តីសង្ឃឹម ភាពជឿជាក់ និងឆន្ទៈមោះមុត ក្នុងការសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ឯកឧត្តម ឈួន វិន ក៏បានស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច និងបន្តចូលរួមសហការអនុវត្តការងារឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើនទៅមុខ៕