ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប្រជុំផ្សព្វផ្សាយបទវិន័យនគរបាលជាតិកម្ពុជា និងក្រមសីលធម៌ភ្នាក់ងារ សន្តិសុខ ការពារការិយាល័យបោះឆ្នោតក្រុមប្រឹក្សា ខេត្ត ស្រុក.ក្រុង

ពោធិ៍សាត់៖  នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រជុំផ្សព្វផ្សាយបទវិន័យនគរបាលជាតិកម្ពុជា និងក្រមសីលធម៌ភ្នាក់ងារ សន្តិសុខ ការពារ ការិយាល័យបោះឆ្នោតក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរងផែនការងារជំនាញ លោកនាយការិយាល័យជំនាញ លោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ពបាល និងមន្ត្រី នៃផែនការងារធនធានមនុស្ស ដោយមានការធ្វើបទបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា និងលោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ

លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងផែនការងារសេនាធិការ បានធ្វើបទបង្ហាញអំពីក្រមសីលធម៌ ភ្នាក់ងារ សន្តិសុខការពារ ការិយាល័យបោះឆ្នោត ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ដើម្បីអោយកម្លាំងអនុវត្តច្បាប់ទាំងអស់ ដែលត្រូវបានចាត់តាំងឲ្យបំពេញការពារសន្តិសុខ ត្រូវប្រើប្រាស់ជំនាញ និងគ្រប់មធ្យោបាយដែលមានស្រាប់ បង្កើតឲ្យបាននូវបរិយាកាសស្ងប់ស្ងាត់ និងមានសន្តិសុខពេញលេញនៅគ្រប់ទីកន្លែង ក្នុងទិសដៅជម្រុញឲ្យ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង អាណត្តិទី៤ឆ្នាំ២០២៤ នេះឲ្យទទួលបាននូវជោគជ័យ

ទន្ទឹមនេះត្រូវផ្សារភ្ជាប់ និងជម្រុញអនុវត្តឲ្យបានខ្លាំងក្លាបន្ថែមទៀតនូវគោលនយោបាយភូមិ.ឃុំ សង្កាត់មានសុវត្ថិភាព  ដែលមានលក្ខណៈជាយុទ្ធសាស្ត្រយូរអង្វែង ជាកម្លាំងចលករយ៉ាងសំខាន់ដែលជួយពង្រឹងដល់ខឿន សន្តិសុខ ស្ថេរភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សង្គម ឲ្យកាន់តែល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរងផែនការងារធនធានមនុស្ស បានធ្វើបទបង្ហាញស្តីពីបទវិន័យនគរបាលជាតិកម្ពុជា  ដែលជាក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យដែលជាសំណុំវិធាន ឬបទប្បញ្ញតិ្តដឹកនាំ ណែនាំ អប់រំ និងទូន្មានមន្ត្រីនគរបាលជាតិ ដើម្បីលើកកម្ពស់សីលធម៌ តម្លៃ សេចក្ដីថ្លៃថ្នូរ ឧត្តមភាព កិត្យានុភាព ជំនឿទុកចិត្ត ព្រមទាំងណែនាំ តម្រង់ទិសដល់មន្ត្រីនគរបាលជាតិ ឱ្យប្រព្រឹត្តអំពើល្អ ត្រឹមត្រូវ ក្នុងការបំពេញភារកិច្ចរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ កម្លាំងនគរបាល ត្រូវគោរពនិងប្រតិបត្តិដោយស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំប្រកបដោយសុច្ចរិតភាព ផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវអាកប្បកិរិយា ឥរិយាបថល្អ សីលធម៌ល្អភាពស្មោះត្រង់ យុត្តិធម៌ អព្យាក្រឹត្យភាព និងភាពមិនលម្អៀង ក្នុងពេលបំពេញតួនាទី ភារកិច្ច មានគំនិតឆ្នៃប្រឌិត ឧស្សាហ៍ព្យាយាមសាមគ្គីភាព សហការ និងទំនាក់ទំនងល្អ មានការប្តេជ្ញាចិត្ត ឆន្ទៈមោះមុត ទឹកចិត្តអង់អាច ក្លាហាន ម៉ឹងម៉ាត់ ហ្មត់ចត់ ទន់ភ្លន់ និងសុភាពរាបសារ ខិតខំអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីជាមូលដ្ឋានក្នុងការបំពេញភារកិច្ច បម្រើសង្គមជាតិ និងសហគមន៍ប្រកបដោយប្រសិទ្ធភាព