អគ្គនាយកដ្ឋានពន្ធនាគារ

កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់អគ្គនាយកដ្ឋានពន្ធនាគារ

រាជធានីភ្នំពញ៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២១ បូករួមនឹងលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់អគ្គនាយកដ្ឋានពន្ធនាគារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំពីអគ្គនាយកដ្ឋានពន្ធនាគារ និងប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី/ខេត្ត ទូទាំងប្រទេស។ ក្រោយពីបានវាយតម្លៃ និងផ្តល់មតិដឹកនាំសំខាន់ៗចំពោះមុខកិច្ចប្រជុំមកបានដាក់ចេញនូវទិសដៅការងារបន្តមួយចំនួន រួមមាន៖

– បន្តអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងលំហូរឯកសារតាមប្រព័ន្ធអេឡិកត្រូនិក។
– ការងារកំណែទម្រង់រដ្ឋបាល វិភាគមុខងារ និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ។
– កសាងផែនការថវិកា ៣ឆ្នាំរំកិល។
– ត្រៀមដោះស្រាយបញ្ហាគ្រោះធម្មជាតិ (ទឹកជំនន់) តាមសេចក្តីណែនាំ លេខ០២៧ សណន ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ជាពិសេសការទប់ស្កាត់ការរាលដាលឆ្លង នៃជំងឺកូវីដ-១៩ ប្រភេទថ្មី (Covid B.1.617.2)។
– ផែនការចាក់វ៉ាក់សាំងជូនជនជាប់ឃុំ ដែលនៅសេសសល់។
– គ្រប់គោលដៅ បន្តយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំទាំងប៉ុន្មាន ដែលកំពុងមានសុពលភាព។

ឆ្លៀតក្នុងការផ្តល់អនុសាសន៍បូកសរុបកិច្ចពិភាក្សាក្នុងអង្គប្រជុំ និងការណែនាំបន្ថែម ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកបានទាញចំណាប់អារម្មណ៍អង្គប្រជុំលើប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ស្តីពីយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសភាពការណ៍កូវីដ-១៩។