រដ្ឋលេខាធិការ

ពិធីចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១

សៀមរាប​ ៖​ ព្រឹកថ្ងៃចន្ទ​ ១០កេីត​ ខែជេស្ឋ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ឯកឧត្ដម​ សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យវឌ្ឍនភាពនៃការ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ដល់សិស្សនគរបាលជ័យលាភីចំនួន១៦២នាក់។ ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងស្ថាបនារួមមាន ផ្លូវបេតុងប្រវែង១,៩០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ ជាអំណោយរបស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ការចាក់ដីបំពេញក្នុងបរិវេណសាលាជាង១ពាន់ឡាន ជាការជួយឧបត្ថម្ភរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងការកែលម្អសោភ័ណភាពសាលាឱ្យកាន់ត ប្រសើរឡើងផងដែរ។

ជាកិច្ចចាប់ផ្តើមនៃពិធីបិទវគ្គនេះ លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលា បានថ្លែងសុន្ទរកថាស្វាគមន៍​ និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្ដាល និងដំណើរការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានារបស់សាលានគរបាលជាតិភូមិភាគ៤។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម សន្តិបណ្ឌិត​ បានលើកឡើងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់​ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម​ និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ​ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល។

ទន្ទឹមនេះដែរ ឯកឧត្តមបានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៤ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលក្នុងយុគសម័យនៃសន្តិភាព​ និងប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពេលនោះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួម ចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា​ និងសាលានគរបាលជាតិភូមិភាគ៤។
ជាចុងក្រោយ ឯកឧត្តមបានថ្លែងកោតសរសើរដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្ដាំផ្ញើដល់សិស្សនគរបាលជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹង​ និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព​ និងសង្គមជាតិ។ នៅទីបញ្ចប់ ឯកឧត្តម សន្តិបណ្ឌិត​ បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្សនគរបាលជ័យលាភី ចំនួន១៥រូប និងលិខិតសរសើរដល់សិស្សនគរបាលចំនួន៣រូបផងដែរ៕