ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចសិង្ហបុរីទទួលបានកំណើន ២.៧ភាគរយនៅក្នុងត្រីមាសទីមួយ

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីនៅថ្ងៃសុក្រនេះបានឲ្យដឹងថា សេដ្ឋកិច្ចសិង្ហបុរីទទួលបានកំណើនក្នុង កម្រិត ២.៧ភាគរយក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤នេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយជាកម្រិតខ្ពស់ជាងកំណើន ២.២ភាគរយកាលពីត្រីមាសទីបួន ឆ្នាំ២០២៣។

របាយការណ៍ខាងលើបានបញ្ជាក់ថា ជាមួយលទ្ធផលខាងលើ វិស័យផលិតកម្មបានកើនឡើង ០.៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ខណៈដែលក្នុងត្រីមាសទីបួន ឆ្នាំ២០២៣កន្លងទៅ វិស័យនេះទទួលបានកំណើនក្នុងកម្រិត ១.៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

របាយការណ៍ដដែលបានបន្តថា កំណើនទិន្នផលក្នុងវិស័យគីមី វិស្វកម្មទូទៅ និងវិស្វកម្មដឹកជញ្ជូន បានប៉ះប៉ូវដល់ដល់ការធ្លាក់ចុះនៃទិន្នផលគ្រឿងអេឡិចត្រូនិក ជីវវេជ្ជសាស្ត្រ និងចង្កោមផលិតកម្មទូទៅ។

បើតាមរបាយការណ៍ខាងលើ ជាមួយការគាំទ្រដោយគម្រោងសំណង់សាធារណៈ វិស័យសំណង់របស់សិង្ហបុរីបានទទួលកំណើន ៤.៣ភាគរយធៀបនឹងត្រីមាសទីមួយឆ្នាំ២០២៣។

ក្រៅពីនេះ វិស័យសេវាកម្មបានកត់ត្រាកំណើន ៣.២ភាគរយ ពោលគឺកើនឡើងពី ២.៣ភាគរយកាលពីត្រីមាសទីបួនឆ្នាំ២០២៣៕