បច្ចេកវិទ្យា

Adobe សម្លឹងមើលភាពជាដៃគូជាមួយ OpenAI ស្របពេលដែលបន្ថែមមុខងារបង្កើតវីដេអូដោយ AI ទៅក្នុងកម្មវិធីរបស់ខ្លួន

ក្នុងសប្តាហ៍នេះ Adobe ដែលជាក្រុមហ៊ុនផលិតកម្មវិធីដ៏ល្បីឈ្មោះមួយរបស់អាមេរិកបានប្រកាសថាខ្លួនកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអនុញ្ញាតឱ្យមុខងារ ឫកម្មវិធីឆ្លាតវៃដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដូចជា Sora របស់ក្រុមហ៊ុន OpenAI និងកម្មវិធីផ្សេងទៀតអាចប្រើប្រាស់កម្មវិធីកាត់តវីដេអូដ៏សម្បូរបែបរបស់ខ្លួនបាន។

កម្មវិធីខាងលើនោះមានឈ្មោះ Premiere Pro ដែលជាកម្មវិធីកាត់តវីដេអូដ៏ពេញនិយមមួយរបស់ក្រុមហ៊ុន Adobe ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មទូរទស្សន៍ និងភាពយន្តជាដើម។

នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ាខាងលើ គ្រោងនឹងបន្ថែមមុខងារដែលមានមូលដ្ឋានឈរលើបច្ចេកវិទ្យា AI ទៅក្នុងកម្មវិធីរបស់ខ្លួន ដូចជាសមត្ថភាពក្នុងការបំពេញផ្នែកខ្លះនៃឈុតក្នុងវីដេអូជាមួយនឹងវត្ថុដែលត្រូវបានបង្កើតដោយ AI ឬលុបវត្ថុណាមួយចេញពីឈុតក្នុងវីដេអូដោយប្រើប្រាស់ AI ដោយមិនចាំបាច់ចំណាយពេលយូរដូចកាលពីមុន។

មុខងារទាំងពីរនេះនឹងពឹងផ្អែកលើគំរូ AI ដែលមានស្រាប់ឈ្មោះថា Firefly ដែល Adobe បានដាក់រួចទៅហើយនៅក្នុងកម្មវិធីកែរូបរបស់ខ្លួនដែលមានឈ្មោះថា Photoshop

ស្របពេលដែលមានការប្រកួតប្រជែងជាមួយ OpenAI Midjourney និងក្រុមហ៊ុន​ startup ជាច្រើនផ្សេងទៀត Adobe បានព្យាយាមបំបែកខ្លួនដោយបណ្តុះបណ្តាលទិន្នន័យក្នុងប្រព័ន្ធ Fireflyដែលខ្លួនមានសិទ្ធិពេញលេញ និងការផ្តល់សំណងដល់អ្នកប្រើប្រាស់ដែលប្រឆាំងនឹងការទាមទារសិទ្ធិអ្នកនិពន្ធ។

យ៉ាងណាមិញ នៅដើមសប្តាហ៍នេះ Adobe បាននិយាយថា ខ្លួនកំពុងបង្កើតវិធីមួយដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់របស់ខ្លួនទាញយកកម្មវិធី ឫមុខងារពីភាគីទីបីដែលមានដូចជា OpenAI ជាដើមក្នុងការបង្កើត និងប្រើប្រាស់វីដេអូនៅក្នុង កម្មវិធី Premiere Pro ផ្ទាល់តែម្តង។

ការបោះជំហាននេះអាចជួយដល់ Adobe ក្នុងការដោះស្រាយកង្វល់ដែលលើកឡើងថាមុខងារដែលប្រើប្រាស់ AI សម្រាប់បង្កើតរូបភាព និងវីដេអូបានធ្វើឱ្យអាជីវកម្មស្នូលរបស់ក្រុមហ៊ុននេះប្រឈមនឹងហានិភ័យ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុននេះបានរងការធ្លាក់ចុះប្រហែល ២០ភាគរយហើយនៅក្នុងឆ្នាំនេះ។

សូមជម្រាបថា កាលពីប៉ុន្មានខែមុន ក្រុមហ៊ុន OpenAI បានបង្ហាញនូវគំរូកម្មវិធីបង្កើតវីដេអូដោយប្រើប្រាស់ AI មួយដែលមានឈ្មោះថា Sora ដែលមានសមត្ថភាពបង្កើតវីដេអូទៅតាមអត្ថន័យជាអក្សរដែលអ្នកប្រើប្រាស់សរសេររៀបរាប់។ យ៉ាងណាមិញ មកទល់ពេលនេះ បច្ចេកវិទ្យាខាងលើនៅមិនបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ឬបញ្ជាក់ពីពេលវេលាច្បាស់លាស់នៅឡើយទេ។

គួរបញ្ជាក់ផងដែរថា ការចេញផ្សាយអំពីការដាក់បញ្ចូលបច្ចេកវិទ្យា Sora ទៅក្នុងកម្មវិធី Premiere Pro របស់ Adobe ខាងលើនេះ ត្រូវបានក្រុមហ៊ុននេះបញ្ជាក់ថាវាគឺគ្រាន់តែជាការដកពិសោធន៍ប៉ុណ្ណោះ ហើយពេលវេលាជាក់លាក់ដែលនឹងដាក់ឲ្យប្រើប្រាស់វាជាផ្លូវការក៏មិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុននេះផងដែរ៕