ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងពន្លឿនការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបែបឌីជីថល

យោងតាមការបញ្ជាក់ពីសំណាក់រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Airlangga Hartarto ក្នុងសម័យប្រជុំលើកទី ៨០ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមអាស៊ី និងប៉ាស៊ីហ្វិកដែលប្រព្រឹត្តិទៅនៅប្រទេសថៃក្នុងសប្តាហ៍នេះបានឲ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិងកំពុងពន្លឿនទិសដៅផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបែបឌីជីថលរបស់ខ្លួនដោយផ្តោតលើការផ្តល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម (SMEs)និងអាជីវកម្មបច្ចេកវិទ្យាដែលទើបនឹងចាប់ផ្ដើម។

លោក Airlangga Hartarto បានលើកឡើងថា បច្ចុប្បន្នឥណ្ឌូណេស៊ីកំពុងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍដ៏ទូលំទូលាយ ក៏ដូចជាការច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាក្នុងគោលបំណងបង្កើតប្រព័ន្ធអេកូអាជីវកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងមានភាពជឿនលឿនតាមរយៈឌីជីថលរូបនីយកម្ម។

លោក Airlangga Hartarto បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះថា ឌីជីថលរូបនីយកម្មបានក្លាយជាអាទិភាពនៃវិស័យសេដ្ឋកិច្ច។ វារួមបញ្ចូលទាំងការផ្តោតជាពិសេសលើការផ្តល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងអាជីវកម្មបច្ចេកវិទ្យាដែលទើបនឹងចាប់ផ្តើម ក៏ដូចជាសន្តិសុខអ៊ីនធឺណិតដែលមានភាពរឹងមាំផងដែរ។

ជាមួយគ្នានេះ លោកបានបន្ថែមថា រដ្ឋាភិបាលបាននិងកំពុងធ្វើការដើម្បីរៀបចំការដាក់បញ្ចូលហិរញ្ញវត្ថុតាមរយៈភាពជាដៃគូជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្តល់នូវលទ្ធភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើងដល់គ្រប់កម្រិតនៃសង្គម។

រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ីរូបបានគូសបញ្ជាក់បន្ថែមថា  ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ រដ្ឋាភិបាលក៏បាននិងកំពុងកែលម្អបទប្បញ្ញត្តិ គោលនយោបាយ និងអភិបាលកិច្ច ដើម្បីធានាឲ្យបាននូវសេដ្ឋកិច្ចឌីជីថលដែលមានសុខភាពល្អ និងយុត្តិធម៌ ជាមួយនឹងការការពារអ្នកប្រើប្រាស់ និងវិធានការសន្តិសុខជាតិផងដែរ៕