ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចឌីជីថលបានរួមចំណែក ៨.៤ភាគរយទៅក្នុង GDP របស់ហ្វីលីពីនក្នុងឆ្នាំ ២០២៣

យោងតាមការបញ្ជាក់របស់អាជ្ញាធរស្ថិតិជាតិហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសានេះបានឲ្យដឹងថា សេដ្ឋកិច្ចឌីជីថលបានរួមចំណែកទំហំ ២,០៥ពាន់ពាន់លានប៉េសូ ឫ ៣៥.៣៩៦ពាន់លានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចប្រទេសអាស៊ីអាគ្នេយ៍មួយនេះឆ្នាំ ២០២៣ ដែលស្មើនឹង ៨,៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)

ក្នុងការបញ្ជាក់ខាងលើ អាជ្ញាធរនេះបានឲ្យដឹងថា តួលេខនៃទំហំសេដ្ឋកិច្ចឌីជីថលនេះ មានការកើនឡើងក្នុងកម្រិត ៧.៧ភាគរយពីតួលេខចាស់កាលពីឆ្នាំ ២០២២ ដែលមានទំហំ ១.៩០ពាន់ពាន់លានប៉េសូ ដែលស្មើនឹង ៣២.៨ពាន់លានដុល្លារ។

សូមជម្រាបថា សេដ្ឋកិច្ចឌីជីថលរួមមានដូចជាប្រតិបត្តិការឌីជីថលដែលគ្របដណ្ដប់លើហេដ្ឋារចនាសម្ព័ន្ធដែលដំណើរការដោយប្រព័ន្ធឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) ប្រព័ន្ធផ្សព្វផ្សាយ ឫមាតិកាបែបឌីជីថល ព្រមទាំងសេវាឌីជីថលរបស់រដ្ឋាភិបាលជាដើម។

គួរឲ្យដឹងថា សេវាឌីជីថលរបស់រដ្ឋាភិបាលគឺជាធាតុផ្សំថ្មីមួយដែលត្រូវបានបន្ថែមក្នុងគោលបំណងដើម្បីគាំទ្រដល់សេវានានារបស់រដ្ឋាភិបាលដែលនេះគឺជាការគាំទ្រដោយផ្ទាល់ដល់សេដ្ឋកិច្ចឌីជីថល។

បើតាមអាជ្ញាធរស្ថិតិជាតិហ្វីលីពីន ក្នុងចំណោមផ្នែកដូចដែលបានរៀបរាប់ខាងលើ វិស័យហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថលបានរួមចំណែកភាគច្រើនទៅក្នុងសេដ្ឋកិច្ចឌីជីថល ដែលមានទំហំទឹកប្រាក់សរុប ១.៧០ពាន់ពាន់លានប៉េសូ ឫ ២៩.៣៦ពាន់លានដុល្លារ។

ចំណែកធំជាងគេទាំងបីដែលស្ថិតនៅក្រោមផ្នែកនេះរួមមាន សេវាទូរគមនាគមន៍មានចំណែក ៣២.៩ភាគរយ សេវាកម្ម និងអាជីវកម្មបែបវិជ្ជាជីវៈមានចំណែក ៣០.១ភាគរយ និង  ផលិតផលកុំព្យូទ័រ គ្រឿងអេឡិចត្រូនិក និងអុបទិកដែលមានចំណែក ១៧.១ភាគរយនៅក្នុងសេដ្ឋកិច្ចឌីជីថល។

ក្រៅពីនេះ វិស័យពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) មានចំណែក ១៤ភាគរយ វិស័យប្រព័ន្ធផ្សព្វផ្សាយ និងមាតិកាឌីជីថលមានចំណែក ២.៩ភាគរយ ខណៈដែលសេវាកម្មឌីជីថលរបស់រដ្ឋាភិបាលមានចំណែក ០.២ភាគរយ។

អាជ្ញាធរស្ថិតិហ្វីលីពីនបានឲ្យដឹងផងដែរថា ក្នុងឆ្នាំ ២០២៣ មានមនុស្សចំនួន ៩.៦៨លាននាក់ត្រូវបានជ្រើសរើសសម្រាប់បម្រើការងារក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ដោយក្នុងនោះ  វិស័យពាណិជ្ជកម្មអេឡិចត្រូនិចមានចំណែកខ្ពស់ជាងគេជាមួយកម្រិត ៨៧.៣ភាគរយនៃចំនួនសរុប តាមពីក្រោយដោយវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានចំណែក ១១.៥ភាគរយ ប្រព័ន្ធផ្សព្វផ្សាយ និងមាតិកាបែបឌីជីថលមានចំណែក ១.‌១ភាគរយ និងសេវាកម្មឌីជីថលរបស់រដ្ឋាភិបាលដែលមានចំណែក ០.១ភាគរយ៕