ព័ត៌មានអន្តរជាតិ

ឥណ្ឌា​បដិសេធ​របាយការណ៍របស់​សហរដ្ឋ​អាមេរិក​​ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស

រដ្ឋាភិបាលទីក្រុងញូវដេលីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបញ្ចេញប្រតិកម្មឆ្លើយតបទៅនឹងរបាយការណ៍សិទ្ធិមនុស្សចេញផ្សាយក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានរិះគន់ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌាដោយបានហៅរបាយការណ៍នោះថាមានភាពលំអៀងយ៉ាងខ្លាំង។

របាយការណ៍វាយតម្លៃសិទ្ធិមនុស្សប្រចាំឆ្នាំដែលមានចំណងជើងថា “2023 Country Reports on Human Rights Practices: India ចេញផ្សាយនៅដើមសប្តាហ៍នេះ បានលើកឡើងពីការរកឃើញការរំលោភបំពានសំខាន់ៗនៅក្នុងរដ្ឋ Manipur ភាគឦសានប្រទេសឥណ្ឌាកាលពីឆ្នាំមុន រួមជាមួយការវាយប្រហារលើជនជាតិភាគតិចដែលបណ្តាលឲ្យមានមនុស្ស ១៧៥នាក់ត្រូវបានសម្លាប់ និងជាង ៦០,០០០នាក់ត្រូវបាត់បង់ផ្ទះសម្បែង ព្រមទាំងករណីគាបសង្កត់លើអ្នកកាសែត និងសំឡេងប្រឆាំងនៅទូទាំងប្រទេសនេះផងដែរ។

ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងរបាយការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jasiwal បានប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា “តាមការយល់ដឹងរបស់យើងលើរបាយការណ៍នេះ វាមានភាពលំអៀងយ៉ាងខ្លាំង និងឆ្លុះបញ្ចាំងពីការយល់ដឹងដ៏ទាបបំផុតពីប្រទេសឥណ្ឌា។ យើងមិនភ្ជាប់តម្លៃរបស់យើងជាមួយវានោះទេ ហើយជំរុញឱ្យអ្នកធ្វើដូចគ្នា។”

ជាមួយគ្នានេះ ឆ្លើយតបទៅនឹងសំណួរជុំវិញការតវ៉ាដែលកំពុងតែផ្ទុះឡើងជាបន្តបន្ទាប់នៅតាមបណ្តាសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិកប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សាដែលបានសម្លាប់ជីវិតមនុស្សជាង ៣៣,០០០នាក់ហើយគិតមកទល់ពេលនេះនោះ លោក Jaiswal បាននិយាយថា “វាត្រូវតែមានតុល្យភាពត្រឹមត្រូវរវាងសេរីភាពនៃការបញ្ចេញមតិ អារម្មណ៍នៃការទទួលខុសត្រូវ និង សុវត្ថិភាពសាធារណៈ និងសណ្តាប់ធ្នាប់។”

លោកបន្តថា “ជាពិសេសប្រទេសកាន់លទ្ធិប្រជាធិបតេយ្យគួរតែបង្ហាញការយល់ដឹងទាំងនេះទៅកាន់ប្រទេសជាមិត្ត។ នៅទីបំផុតយើងទាំងអស់គ្នាត្រូវបានវិនិច្ឆ័យដោយផ្អែកលើអ្វីដែលយើងធ្វើនៅក្នុងផ្ទះរបស់យើង ហើយមិនមែនអ្វីដែលយើងនិយាយទៅកាន់បរទេសនោះទេ។”

សូមជម្រាបថា ក្នុងគ្រាដែលឥណ្ឌា និងសហរដ្ឋអាមេរិកមានភាពជាដៃគូដ៏រឹងមាំជាមួយគ្នា ហើយទីក្រុងវ៉ាស៊ីនតោនចង់ឱ្យទីក្រុងញូវដេលីក្លាយជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីទប់ទល់នឹងឥទ្ធិពលចិននោះ ទំនាក់ទំនងសម្ព័ន្ធមិត្តទាំងពីរនេះហាក់ជួបប្រទះនឹងបញ្ហារកាំរកូសបន្តិចបន្តួចក្នុងរយៈពេលចុងក្រោយនេះ។ ជាក់ស្តែង កាលពីខែមីនា ទីក្រុងញូវដេលីបានច្រានចោលការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះការអនុវត្តច្បាប់សញ្ជាតិដ៏ចម្រូងចម្រាសរបស់ខ្លួនដែលសហរដ្ឋអាមេរិកបានហៅវាថាមានភាពមិនត្រឹមត្រូវ និង មិនមានការធានា ហើយបានជំទាស់ទៅនឹងការលើកឡើងរបស់មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកជុំវិញការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងដ៏សំខាន់ម្នាក់ផងដែរ។

មុននេះ គឺកាលពីឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ភ្នាក់ងារឥណ្ឌាថាបានជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតមេដឹកនាំក្រុមផ្តាច់ខ្លួន Sikh នៅសហរដ្ឋអាមេរិកដែលទទួលបរាជ័យ ហើយកាលណោះទីក្រុងវ៉ាស៊ីតោនបានព្រមានទីក្រុងញូវដេលីជុំវិញបញ្ហានេះ បន្ទាប់មក ឥណ្ឌាបាននិយាយថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតលើការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនខាងលើ ប៉ុន្តែរហូតមកទល់ពេលនេះនៅមិនមានការវិវត្តន៍ ឬការរកឃើញណាមួយពីការស៊ើបអង្កេតត្រូវបានបង្ហាញនៅឡើយទេ៕