ព័ត៌មានអន្តរជាតិ

បក្សកុម្មុយនិស្តវៀតណាមអនុម័តសំណើលាលែងពីតំណែងរបស់ប្រធានរដ្ឋសភា

ក្នុងសម័យប្រជុំវិសាមញ្ញរបស់រដ្ឋសភាវៀតណាមនៅថ្ងៃសុក្រនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានអនុម័តលើសំណើលាលែងពីតំណែងរបស់ ប្រធានសភាជាតិនិតិកាលទី ១៥ លោក Vuong Dinh Hue ស្របតាមសំណើផ្ទាល់ខ្លួនរបស់លោក ដោយសេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ​ដោយ​ការិយាល័យ​របស់​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត​បន្ទាប់​ពី​កិច្ច​ប្រជុំខាងលើ។

របាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងអាជ្ញាធរផ្សេងទៀតបានលើកឡើងថា លោក Hueដែលត្រូវបានចាត់ទុកថាជាមេដឹកនាំសំខាន់របស់បក្ស និងរដ្ឋរបស់ប្រទេសវៀតណាមបានបំពានបទប្បញ្ញត្តិរបស់បក្ស ដែលបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បក្ស រដ្ឋ និងខ្លួនលោកផ្ទាល់។

គណៈកម្មាធិការខាងលើបានបន្តថា ដោយដឹងពីការទទួលខុសត្រូវរបស់លោកចំពោះមុខបក្ស រដ្ឋ និងប្រជាជន លោក Hue សម្រេចស្នើសុំលាលែងពីមុខតំណែងទាំងអស់របស់លោក។

សូមជម្រាបថា លោក Hue វ័យ ៦៧ឆ្នាំគឺជាសាស្រ្តាចារ្យដែលបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។

លោកបានចំណាយពេល ២២ឆ្នាំក្នុងការបង្រៀន និងគ្រប់គ្រងនៅសាកលវិទ្យាល័យ Hanoi University of Finance and Accounting ដែលបច្ចុប្បន្នជាបណ្ឌិតសភាហិរញ្ញវត្ថុវៀតណាម មុនពេលក្លាយជាអគ្គសវនករពីឆ្នាំ 2006 ដល់ឆ្នាំ 2011

លោក Hueធ្លាប់ជាសមាជិកការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិមបក្សជាច្រើនអាណត្តិ ហើយលោកធ្លាប់កាន់តួនាទីជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ ជាប្រធានគណៈកម្មការសេដ្ឋកិច្ចពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦ និងជាឧបនាយករដ្ឋមន្ត្រីពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០។

លោកត្រូវបានតែងតាំងជាលេខាបក្សទីក្រុងហាណូយក្នុងខែកុម្ភៈ ឆ្នាំ ២០២០ មុនពេលឡើងកាន់តួនាទីជាប្រធានរដ្ឋសភានៅខែមីនា ឆ្នាំ ២០២១៕

ប្រភព៖ VN Express International