ព័ត៌មានអន្តរជាតិ

ថៃនឹងផ្លាស់ប្តូរសមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយយោធាក្នុងអាណត្តិបន្ទាប់

គណៈរដ្ឋមន្ត្រីនៃប្រទេសថៃនៅថ្ងៃអង្គារ បានអនុម័តផែនការជ្រើសរើសសមាជិកព្រឹទ្ធសភាថ្មីដែលនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទៀតនោះទេ ដែលនេះគឺជាការដកចេញនូវអ្វីដែលត្រូវបានគេមើលឃើញថាជាសិទ្ធិវេតូសម្រាប់ក្រុមយោធាដ៏មានឥទ្ធិពលក្នុងប្រទេសនេះក្នុងការសម្រេចថានរណានឹងត្រូវដឹកនាំរដ្ឋាភិបាលរបស់ប្រទេសនេះ។

សូមរំលឹកថា ក្នុងឆ្នាំ ២០១៤ របបយោធាថៃបានប្រកាសពីបេក្ខភាពសមាជិកព្រឹទ្ធសភាដែលត្រូវបានខ្លួនតែងតាំងក្រោយធ្វើការកែប្រែរដ្ឋធម្មនុញ្ញបន្ទាប់ពីរដ្ឋប្រហារក្នុងឆ្នាំនោះ ដោយជ្រើសរើសបេក្ខភាពដែលចេញក្នុងក្រុមរបស់ខ្លួន។

កាលពីឆ្នាំមុន សមាជិកព្រឹទ្ធសភាទាំងនោះ បានប្រើប្រាស់សិទ្ធិក្នុងការរារាំងបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រឆាំង Move Forward ដែលជាបក្សបានទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការបោះឆ្នោតសកលក្នុងខែឧសភាពីការឡើងកាន់តំណែង និងការឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ ក្រោយមក បន្ទាប់ពីជាប់គាំងនយោបាយក្នុងស្រុកអស់ជាច្រើនខែ គណបក្សដែលទទួលបានការគាំទ្រពីយោធាបានផ្តល់ការគាំទ្រដល់គណបក្ស ភឿថៃ ដែលជាបក្សជាប់ឆ្នោតលំដាប់ទីពីរក្នុងការបង្កើតសម្ព័ន្ធភាពជាមួយខ្លួន និងគណបក្សដទៃទៀតដើម្បីឈានទៅបង្កើតរដ្ឋាភិបាលចម្រុះសម្រាប់ដឹកនាំប្រទេស ហើយទីបំផុតវិបត្តិនយោបាយក្នុងស្រុករបស់ថៃត្រូវបានបិទបញ្ចប់ក្នុងខែសីហា។

គួរឲ្យដឹងថា ព្រឹទ្ធសភាថៃបានរងការរិះគន់យ៉ាងខ្លាំងចំពោះតួនាទីរបស់ខ្លួនក្នុងការរារាំងគណបក្ស Move Forward ដែលជាបក្សឈ្នះការបោះឆ្នោតកាលពីឆ្នាំ ២០២៣ពីការឡើងកាន់អំណាច។ ក្នុងយុទ្ធនាការឃោសនារបស់ខ្លួន គណបក្សនេះបានប្រកាសសន្យាថានឹងធ្វើការដោះស្រាយភាពផ្តាច់មុខនៃអាជីវកម្មក្នុងប្រទេស ក៏ដូចជាធ្វើវិសោធនកម្មច្បាប់ការពាររបបរាជានិយមដ៏តឹងរឹង និងមានឥទ្ធិពលបំផុតរបស់ប្រទេសនេះ។

សូមជម្រាបថា អាណត្តិរបស់ព្រឹទ្ធសភាថៃក្នុងពេលបច្ចុប្បន្ននេះ នឹងត្រូវបញ្ចប់នៅខែឧសភាពខាងមុខ ហើយការកាត់បន្ថយអំណាចនៃសភានេះនៅឆ្នាំ ២០២៤ ក៏ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញរួចរាល់ហើយដែរ។

ក្នុងអាណត្តិបន្ទាប់ សមាជិកព្រឹទ្ធសភាថ្មីចំនួន ២០០នាក់ នឹងត្រូវបានជ្រើសរើសតាមរយៈដំណើរការដ៏ស្មុគស្មាញមួយដែលពាក់ព័ន្ធនឹងក្រុមអ្នកជំនាញមកពីវិស័យផ្សេងៗគ្នា ប៉ុន្តែអ្នកដែលត្រូវបានជ្រើសរើសទាំងនោះ នឹងមិនមានសិទ្ធិក្នុងការសម្រេចចិត្តថាអ្នកណានឹងក្លាយជាអ្នកបង្កើតរដ្ឋាភិបាលនោះទេ។

ដំណើរការជ្រើសរើសសមាជិកព្រឹទ្ធសភាដ៏ស្មុគស្មាញខាងលើនេះ នឹងមានក្រុមចំនួន ២០ មកពីវិស័យនានា ដែលរួមមានផ្នែកច្បាប់ កសិកម្ម និងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម ដើម្បីធ្វើការជ្រើសរើសបេក្ខជនដែលនឹងប្រកួតប្រជែងគ្នានៅតាមថ្នាក់ខេត្ត។ បន្ទាប់មក ក្រុម​ខាងលើនេះ ​នឹង​បោះ​ឆ្នោត​ជា​ថ្មី​ម្តង​ទៀត​ដើម្បី​សម្រេចជ្រើសរើសសមាជិក​ព្រឹទ្ធសភា​ថ្មី​ទាំង​២០០​រូប។

សូមបញ្ជាក់ថា សភាជាន់ខ្ពស់ថ្មីរបស់ថៃដែលនឹងត្រូវបង្កើតនៅខែកក្កដាខាងមុខនេះ នឹងមានសិទ្ធពិនិត្យលើច្បាប់នានា និងតែងតាំងសមាជិកនៃអង្គការឯករាជ្យ ប៉ុន្តែសភាជាន់ទាបដែលមានសមាជិកមកពីគណបក្សជាប់ឆ្នោត គឺជាអ្នកសម្រេចចុងក្រោយលើច្បាប់ទាំងនោះ៕