Microsoft រកឃើញថា យុទ្ធនាការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកបានចាប់ផ្តើមហើយ
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Microsoft ដែលចេញផ្សាយក្នុងសប្តាហ៍នេះបានឲ្យដឹងថា យុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ីដើម្បីការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាខាងមុខនេះបានចាប់ផ្តើមរយៈពេលជិត ៥០ថ្ងៃមកហើយ ប៉ុន្តែវានៅមានល្បឿនយឺតជាងយុទ្ធនាការកាលពីការបោះឆ្នោតមុនៗ។ ក្នុងរបាយការណ៍ខាងលើ ក្រុមអ្នកស្រាវជ្រាវប្រចាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សខាងលើនេះបានលើកឡើងថា គណនីដែលមានភាពជាប់ទាក់ទងជាមួយរដ្ឋាភិបាលរុស្ស៊ីកំពុងធ្វើការផ្សព្វផ្សាយមាតិកាដែលខ្លឹមសារបង្កឲ្យមានខ្វែងគំនិតគ្នាដោយដាក់គោលដៅលើជនជាតិអាមេរិក ដែលក្នុងនោះរួមមានដូចជា ការរិះគន់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលអាមេរិកចំពោះអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ីជាដើម។ ជុំវិញការចេញផ្សាយរបាយការណ៍ខាងលើនេះ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែកាលពីខែមុន វិមានក្រឹមឡាំងបានលើកឡើងថា ខ្លួននឹងមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកនាខែវិច្ឆិកាខាងមុខនេះនោះទេ។ ជាមួយគ្នានោះ ស្ថាប័នដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីរុស្ស៊ីមួយនេះ ក៏បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាខ្លួនបានរៀបចំយុទ្ធនាការដើម្បីបំភ័ន្តការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១៦ និងក្នុងឆ្នាំ២០២០ផងដែរ។
Read More